កាលពីពេលពេលថ្មីៗនះ ក្រុមហ៊ុន Google បានប្រកាសថាខ្លួននឹងបិទ App ដែលគ្មានគុណភាពចំនួន 1.2 លាន App ព្រោះថា App ទាំងនោះមិនបានឆ្លងកាត់ការត្រួតពិនិត្យឲ្យបានត្រឹមត្រូវពី Google នៅឡើយទេ។ គោលបំណងដែល Google សម្រេចចិត្តបែបនេះព្រោះចង់ពង្រឹងប្រព័ន្ធសុវត្ថិភាពរបស់ Play Store ក៏ដូចជាជួយកាត់បន្ថយហានិភ័យផ្សេងៗដល់អ្នកប្រើប្រាស់ទូរសព្ទ Android ទាំងអស់ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ZDnet។
ប្រភពដដែលបានបន្តថា មូលហេតុដែល Google សម្រេចចិត្តលុបរហូតទៅដល់ 1,2លាន App ដូច្នេះ គឺដោយសារតែកាលពីពេលកន្លងទៅ Google មិនបានធ្វើការពិនិត្យឲ្យបានត្រឹមត្រូវទៅលើ App ទាំងអស់នេះទេ ខណៈ App ដែលមិនបានឆ្លងកាត់ការត្រួតពិនិត្យទាំងអស់នេះ មាន App មួយចំនួន អាចបណ្តាលឲ្យមានករណី ហេកចូលទៅលួចទិន្នន័យផ្សេងៗរបស៉អ្នកប្រើប្រាស់ Android បាន។
ជាមួយគ្នានេះដែរ ចាប់ពីថ្ងៃនេះតទៅ Google នឹងចាប់ផ្តើមពង្រឹងច្បាប់របស់ខ្លួន ដោយរាល់ App ដែលចង់ដាក់ឲ្យអ្នកប្រើប្រាស់ទាញយកនៅក្នុង Play Store ត្រូវឆ្លងកាត់ការពិនិត្យឲ្យបានត្រឹមត្រូវពី Google សិន ដើម្បីប្រាកដក្នុចិត្តថា App ទាំងនោះនឹងមិនបង្ករឲ្យមានផលប៉ះពាល់ដល់អ្នកប្រើប្រាស់នោះទេ។
ទន្ទឹមនឹងនេះដែរ បើតាមរបាយការណ៍របស់ក្រុមហ៊ុនប្រមូលទិន្នន័យ App Annie បានបង្ហាញថា នៅក្នុងឆ្នាំ 2021 កន្លងទៅប្រជាជនទូទាំងពិភពលោកបានចំណាយលុយរហូតទៅដល់ 170ពាន់លានដុល្លារ ទៅលើ App ទូរសព្ទដៃ។ ដោយក្នុងនោះនោះ ចំណែក 65% បានទៅលើក្រុមហ៊ុន Apple ( App Store) ហើយ 35% ទៀតគឺក្រុមហ៊ុន Google ( Play Store ) ជាអ្នកកាន់កាប់។
យ៉ាងណាក៏ដោយ សម្រាប់ការពង្រឹងច្បាប់លើការត្រួតពិនិត្យ App របស់ Google នេះទំនងជាយុទ្ធសាស្រ្តរបស់ Google ក្នុងការផ្តល់ App ដែលមានគុណភាពនឹងទំនុកចិត្តដល់អ្នកប្រើប្រាស់ Android ក៏ដូចជាចូលរួមក្នុងការប្រគួតប្រជែងទីផ្សារជាមួយ Apple ៕